តួកគី និងទីភ្នាក់ងារសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងសម្រាប់បច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ក្រោយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ -- លោក អាល់ផាស្លាន បាយរ៉ាក់តារ (Alparslan Bayraktar) រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិរបស់ប្រទេសតួកគី បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Türkiye Nuclear Energy Inc. (TUNAS) និងទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងមួយ ពាក់ព័ន្ធនឹងរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMRs) និងរ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ទី៤ នៅក្នុងពិធីមួយដែលធ្វើឡើងនៅអគារ Türkeviក្នុងទីក្រុងញូវយ៉ក។
លោក បាយរ៉ាក់តារ បានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យប្រទេសតួកគីធ្វើការវាយតម្លៃយ៉ាងទូលំទូលាយអំពីលទ្ធភាពជាក់ស្តែងផ្នែកបច្ចេកទេស សេដ្ឋកិច្ច និងបទប្បញ្ញត្តិសម្រាប់បច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ក្រោយ។
លោកបានបន្ថែមថា៖ «ស្របតាមគោលដៅរបស់យើងក្នុងការសម្រេចបាននូវការបំភាយឧស្ម័នកាបូនសុទ្ធស្មើនឹងសូន្យនៅឆ្នាំ២០៥៣ និងឯករាជ្យភាពផ្នែកថាមពលពេញលេញ យើងប្តេជ្ញាចិត្តក្នុងការធ្វើពិពិធកម្មប្រភពថាមពលរបស់យើង»។
លោកបានមានប្រសាសន៍ថា៖ «ក្រៅពីរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំរបស់យើង យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏រឹងមាំ និងទំនើប ដោយធ្វើការសិក្សាស្វែងយល់យ៉ាងល្អិតល្អន់អំពីជម្រើសនានាដែលសាកសមបំផុតនឹងតម្រូវការរបស់ប្រទេសយើង»៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





