ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះវាយតម្លៃពីស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗជុំវិញបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗនៅជុំវិញបឹងទន្លេសាប។

លោក វិន ប៊ុនពៅ បានលើកឡើងថា គោលបំណងដើម្បីពិនិត្យជាក់ស្តែងលើស្ថានភាពរបបទឹកតាមទំនប់អាងទឹក និងទឹកស្ទឹងសំខាន់ៗក្នុងខេត្តបាត់ដំបង ការវាយតម្លៃលើមូលហេតុ និងឧបសគ្គនៃរបបទឹកស្ទឹង លំហូរទឹកស្ទឹង និងស្ថានភាពទឹកជំនន់ស្ទឹងសង្កែមុនបន្តហូរចូលបឹងទន្លេសាប និងតាមដានស្ថានភាពរបបជលសាស្រ្តតាមដងស្ទឹង និងបរិមាណរបបទឹកភ្លៀងនៅតាមបណ្តាអាងស្ទឹងនីមួយៗខាងលើ។

ក្នុងនោះ ក្រុមការងារបានចុះពិនិត្យវាយតម្លៃពីស្ថានភាពទឹកជំនន់ស្ទឹងសង្កែ និងលំហូរទឹកនៃអាងស្ទឹងសង្កែ អាងស្ទឹងមោងឬស្សី ស្ទឹងដូនទ្រី និងអាងស្ទឹងមង្គលបូរី ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ក្រុមការងារបានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងឆ្មាំទំនប់អាងទឹក៕


ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





