អភិបាលរងខេត្តកណ្តាលចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពសម្រាលកូន និងគ្រួសារវីរៈកងទ័ពកំពុងសម្រាកព្យាបាលជំងឺ
AKP កណ្ដាល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាវីរៈកងទ័ព ឈរជើងនៅទិសទី១ ខេត្តព្រះវិហារ ដែលទើបសម្រាលកូន នៅសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងបន្តទៅសួរសុខទុក្ខគ្រួសារវីរៈកងទ័ព ឈរជើងនៅថ្មដា ស្រុកវាលវែង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។ លោកស្រី បានអរគុណ និងផ្ដល់ជាកម្លាំងចិត្តដល់ប្អូនស្រី ក៏ដូចជាក្រុមគ្រួសារវីរៈកងទ័ព ដែលបានលះបង់ប្ដី សាច់ញាតិឱ្យទៅបម្រើជាកងទ័ពដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ។

អំណោយដែលបានផ្ដល់ជូនភរិយាវីរៈកងទ័ពរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១ ទឹកសុទ្ធ ០១កេស ខោអាវមនុស្សធំ កុមារ និងក្រមា ០១កញ្ចប់ ផ្លែឈើ១កន្រ្តក និងថវិកា១លានរៀល។ ដោយឡែកគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ទទួលបានអំណោយ ផ្លែឈើ១កន្រ្តក និងថវិកា១លានរៀលផងដែរ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





