គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហរកឃើញវត្ថុតាង និងឃាត់ជនសង្ស័យចំនួន ៣៧នាក់
AKP ព្រះសីហនុ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-/គណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកអភិបាលរងក្រុងព្រះសីហនុ ដោយ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញសម្ភារ និងវត្ថុតាងជាឧប ករណ៍អេឡិចត្រូនិចដែលជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ព្រមទាំងរកឃេីញជនបរទេសស្នាក់នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។

នៅក្នុងកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានសម្រេចដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ All-In-One ចំនួន ០៥គ្រឿង, ទូរស័ព្ទដៃចំនួន ១១០គ្រឿង និងរថយន្តចំនួន ០១គ្រឿង។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ស្រី ០២នាក់ ក្នុងនោះជនជាតិខ្មែរ ០២នាក់ ស្រី ០១នាក់។ ចំណែកជនជាតិចិន ៣៤នាក់ ស្រី ០១នាក់ និងជនជាតិ មីយ៉ាម៉ា ១នាក់(ប្រុស )។ (ចំពោះអ្នកគ្មានលិខិតឆ្លង ដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវចំនួន ២៣នាក់ (ប្រុស) ។

ជនសង្ស័យទាំង ៣៧នាក់ រួមជាមួយវត្ថុតាងត្រូវបាន បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរទៅតាមផ្លូវច្បាប់។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងព្រះសីហនុ នៅតែបន្តចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហនៅចំណុច មួយចំនួនដែលមានការសង្ស័យ និងរកឃើញវត្ថុតាង និងជនសង្ស័យជាបន្តបន្ទាប់ ហើយសកម្មភាព នេះនៅតែបន្តដូចភ្លៀងរលឹម ដើម្បីបោស សំអាតផ្ទះរបស់យើង គ្នាន(Online Scams )៕

ដោយ៖ ងូ សុមុនី





